កាលពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ និស្សិតចំនួន ១០រូប និងសាស្ត្រាចារ្យ ដឹកនាំ ០១រូប នៃសាកលវិទ្យាល័យមេគង្គកម្ពុជាបានចូលរួមក្នុង “កម្មវិធីតាំងពិព័រណ៍ និងប្រកួតម្ហូបអាហារ ខ្មែរ” នៅខេត្តព្រះសីហនុដែលកម្មវិធីនេះមានដូចជា៖

-ការតាំងពិព័រណ៍

-ការប្រកួតចំណេះដឹងទូទៅទេសចរណ៍ ការប្រកួតចម្អិនអាហារ និងភេសជ្ជៈ

– ការសម្តែងសិល្បៈ

សាកលវិទ្យាល័យមេគង្គកម្ពុជាសូមសម្តែងនូវអំណរសាទរដល់និស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជាដែលទទួលបាន “ជ័យលាភីលេខ២” ក្នុងការប្រកួតចម្អិនអាហារ ភេសជ្ជ: និងចំណេះដឹងទូទៅ ផ្នែកទេសចរណ៍នៅក្នុងកម្មវិធី “តាំងពិព័រណ៍ និងប្រកួតម្ហូបអាហារខ្មែរ”។ 

សាកលវិទ្យាល័យមេគង្គកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុដែលបានរៀបចំកម្មវិធីនេះឡើងដែលមិនត្រឹម តែបានធ្វើការផ្សព្វផ្សាយពីវប្បធម៌ខ្មែរនិងពីវិស័យទេសចរណ៍ប៉ុណ្ណោះទេ តែក៏បានជួយជំរុញដល់ការបណ្តុះបណ្តាលលើវិស័យទេសចរណ៍ថែមមួយកម្រិតទៀត តាមរយៈការលើកទឹកចិត្តនិស្សិតដែលសិក្សាលើជំនាញទេសចរណ៍និងបដិសណ្ឋារកិច្ចទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដើម្បីបង្ហាញនូវសមត្ថភាពរបស់ខ្លួន និងរៀនសូត្រពីគ្នាទៅវិញទៅមក។ សាកលវិទ្យាល័យក៏សូមថ្លែងអំណរ គុណដល់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុផងដែរនូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅក្នុងការទទួលនិស្សិត និងសាស្រ្តាចារ្យអំឡុងពេលស្នាក់នៅក្នុងខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះ សាកលវិទ្យាល័យមេគង្គកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដែលបានអនុញ្ញាតឲ្យមានការប្រារព្ធនូវកម្មវិធីដ៏មានសារប្រយោជន៍នេះ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមក្នុងការផ្តល់ជូនជ័យលាភីដល់ក្រុមនិស្សិត។

សាកលវិទ្យាល័យមេគង្គកម្ពុជា សូមប្រសិទ្ធពរជ័យជូនដល់ ឯកឧត្តម គួច ចំរើន និងលោក តាំង សុចិត្តគ្រឹស្នា សូមបានជួបប្រទះសិរីសួស្តី សុភមង្គល វិបុលសុខប្រកបតែនឹងពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត។