នាថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១   ខែសីហា ឆ្នាំ២០២២ យុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំពិធីដាំកូនឈើ ចំនួន ៧០០ដើម ក្រោមប្រធានបទ៖ “រួមគ្នាដាំកូនឈើដើម្បីបរិស្ថាន និងទេសចរណ៍ធម្មជាតិ” ក្នុងសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន  និងឯកឧត្តម ទិត វុទ្ធី អភិបាលរងជាតំណាងដ៏ខ្ពង់ខ្ពស់នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមន្ទីរបរិស្ថាន ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យមេគង្គកម្ពុជា យុវជនកាកបាទក្រហម យុវជនស.ស.យ.ក និងយុវជនស្រឡាញ់សន្តិភាពសាខាខេត្តកំពង់ស្ពឺ និងបងប្អូនប្រជាសហគមន៍ចំបក់ សរុបជិត ៣០០នាក់។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងបំផុសស្មារតី និងពង្រឹងសមត្ថភាព សិស្ស និស្សិត និងយុវជនក្នុងការឆ្លើយតបទៅនឹងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការដាំកូនឈើដើម្បីបង្កើនគម្របព្រៃឈើចូលរួមរក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម វប្បធម៌ និងជម្រុញទេសចរណ៍ធម្មជាតិឱ្យកាន់តែមានភាពទាក់ទាញ និងផ្តល់ឱកាសដល់  យុវជន  សិស្ស  និស្សិត  ក្លាយជាភ្នាក់ងារផ្សព្វផ្សាយ  និងចូលរួមថែរក្សាថែរក្សាធនធានធម្មជាតិ និងកិច្ចការពារបរិស្ថាន។

សូមគូសបញ្ជាក់ផងដែរថា ក្រៅពីការសិក្សាឯកទេសផ្សេងៗរបស់និស្សិត សាកលវិទ្យាល័យមេគង្គកម្ពុជាតែងតែយកចិត្តទុកដាក់បំផុសគំនិតនិស្សិត និងជម្រុញនិស្សិតឱ្យមានការចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម ជាពិសេស ការងារបរិស្ថាន (ការដាំកូនឈើ និងការថែរក្សាបរិស្ថាន)។

ឆ្លៀតឱកាសនេះ សាកលវិទ្យាល័យមេគង្គកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន គណៈអភិបាលខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ សហការរៀបចំ និងចូលរួមក្នុងពិធីដាំកូនឈើដ៏មានសារៈសំខាន់នេះ ៕