សាកលវិទ្យាល័យមេគង្គកម្ពុជា (Cambodian Mekong University) ហៅកាត់ជាភាសាខ្មែរ (ស.ម.ក) និងហៅកាត់ជាភាសាអង់គ្លេស (CMU) ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយោងតាមអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៣។ សាកលវិទ្យាល័យផ្តល់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ សាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួនប្រាំ៖ (១) មហាវិទ្យាល័យសិល្បៈមនុស្សសាស្រ្ត និងភាសាបរទេស (២) វិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្រ្តសង្គម (៣) មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជា (៤) មហាវិទ្យាល័យគ្រប់គ្រងនិងទេសចរណ៍ និង (៥) មហាវិទ្យាល័យសេដ្ឋកិច្ច។ បច្ចុប្បន្ន សាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលទៅលើឯកទេស ដូចជា៖
- គណនេយ្យ
- គ្រប់គ្រង
- បច្ចេកវិទ្យាកុំព្យូទ័រ
- អប់រំភាសាអង់គ្លេស
- ធនាគារនិងហិរញ្ញាវត្ថុ
- ការគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍
- ការគ្រប់គ្រងធនធានមនុស្ស
- ពាណិជ្ជកម្មអន្តរជាតិ
- ទីផ្សារ
- នីតិសាធារណៈ
ចក្ខុវិស័យ
ចក្ខុវិស័យរបស់ ស.ម.ក គឺ “ជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យឈានមុខក្នុងការបង្កើតមគ្គុទេ្ទសក៍ដឹកនាំសម្រាប់សង្គម”។
បេសកម្ម
សាកលវិទ្យាល័យមេគង្គកម្ពុជាប្តេជ្ញាចិត្តធ្វើជាអ្នកត្រួសត្រាយក្នុងវិស័យអប់រំ ដើម្បីផ្តល់ឱកាសដល់អ្នកសិក្សាពីគ្រប់មជ្ឈដ្ឋាននៃសង្គម ដើម្បីឱ្យក្លាយទៅជាមគ្គុទេ្ទសក៍ដឹកនាំ តាមរយៈការបន្តធ្វើឲ្យប្រសើរឡើងជាលំដាប់ក្នុងការផ្តល់ឱ្យអ្នកសិក្សានូវកម្មវិធីសិក្សាប្រកបដោយថាមវន្ត ចំណេះដឹងមូលដ្ឋានគ្រឹះរឹងមាំ សមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ សហគ្រិនភាព ភាពជាអ្នកដឹកនាំ ការផ្សារភ្ជាប់ជាមួយសហគមន៍និងវិស័យផ្សេងៗឱ្យស្របតាមបរិបទជាតិនិងអន្តរជាតិ។
គោលបំណង
គោលបំណងរបស់សាកលវិទ្យាល័យមេគង្គកម្ពុជាគឺផ្តោតទៅលើ៖
- ការបន្តធ្វើឱ្យប្រសើរឡើងនូវការផ្សព្វផ្សាយពីចក្ខុវិស័យ បេសកម្ម និងគោលបំណងរបស់សាកលវិទ្យាល័យមេគង្គកម្ពុជា ទៅគ្រប់ភាគីពាក់ព័ន្ធ
- ការបន្តធ្វើឱ្យប្រសើរឡើងនូវកម្មវិធីអប់រំតាមរយៈការបញ្ចូលនូវជំនាញចាំបាច់ពាក់ព័ន្ធជំនាញការងារ និងការយកចិត្តទុកដាក់ទៅលើមុខវិជ្ជាភាសាអង់គ្លេស និងកុំព្យូទ័រ ដើម្បីឱ្យនិស្សិតបញ្ចប់ការសិក្សាមានសមត្ថភាពធ្វើការក្នុងស្ថាប័នជាតិ និងអន្តរជាតិ
- ការបន្តធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការរៀននិងបង្រៀនតាមរយៈ ការគ្រប់គ្រងកម្មវិធីអប់រំដោយផ្អែកលើលទ្ធផលសិក្សា ការអភិវឌ្ឍកម្មវិធីបន្ថែមសម្រាប់និស្សិត និងការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់បុគ្គលិកអប់រំ
- ការបន្តធ្វើឱ្យប្រសើរឡើងនូវការផ្សារភ្ជាប់ការសិក្សាជាមួយនឹងការស្រាវជ្រាវតាមរយៈការរៀបចំសិក្ខាសាលាពាក់ព័ន្ធនឹងការស្រាវជ្រាវ និងការលើកទឹកចិត្តនិស្សិតឱ្យសរសេរគម្រោងស្រាវជ្រាវ
- ការបន្តធ្វើឱ្យប្រសើរឡើងទៅលើប្រព័ន្ធគ្រប់គ្រងទិន្នន័យនិស្សិតតាមរយៈការអភិវឌ្ឍបន្ថែមនូវប្រព័ន្ធព័ត៌មាននិស្សិត និងធនធានសិក្សាអេឡិចត្រូនិក ដើម្បីសម្រួលដល់ការសិក្សា ការស្រាវជ្រាវកិច្ចការ និងការតាមដានលទ្ធផលសិក្សានៅគ្រប់ទីកន្លែងបាន
- បន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធានាគុណភាពរបស់សាកលវិទ្យាល័យតាមរយៈការបណ្តុះបណ្តាល ការពង្រឹងដំណើរការប្រឡង ការផ្សព្វផ្សាយគុណភាពអប់រំ និងទទួលផ្តល់មតិយោបល់ត្រឡប់ពីភាគីពាក់ព័ន្ធ។