(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ក្លឹបយុវជនកាកបាទក្រហមប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជាបានសហការជាមួយទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំនូវកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “តំណក់ឈាមនៃក្តីសង្ឃឹម” និងកម្មវិធីរៃអង្គាសថវិកាជូនមន្ទីពេទ្យគន្ធបុប្ផា។
សាកលវិទ្យាល័យមេគង្គកម្ពុជា និងក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា សូមគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចូលរួមជាគណៈអធិបតី ដោយបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ចំពោះគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និស្សិត និងក្មួយៗយុវជនដោយក្តីនឹករលឹក។
លើសពីនេះទៅទៀត យើងខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម អ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាម សប្បុរសជន សីល្បៈករ សីល្បៈការនី និងក្រុមការងារផ្សព្វផ្សាយនៃហង្សមាសទាន់ហេតុការណ៍២៤ម៉ោង ដែលបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួនចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌ដ៏មានសារៈសំខាន់សម្រាប់សង្គមជាតិមួយនេះ។
គូសបញ្ជាក់ផងដែរថា សាកលវិទ្យាល័យមេគង្គកម្ពុជា និងក្លឹបយុវជនកាកបាទក្រហមតែងប្រារព្ធរៀបចំនូវកម្មវិធីមនុស្សធម៌ និងសកម្មភាពសង្គម ជាច្រើន រួមមានដូចជា ការបរិច្ចាគឈាម ការរៃអង្គាសថវិកាជូនដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ក៏ដូចជាសកម្មភាពមនុស្សធម៌ផ្សេងៗទៀតផងដែរ។
ជាលទ្ធផល កម្មវិធីបរិច្ចាគឈាមនេះ បានទទួលអំណោយឈាមចំនួន ៧៣ប្លោក។
រូបភាពដោយ៖ Time-Studio និង គុយទាវ Media