ថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤
សាកលវិទ្យាល័យមេគង្គកម្ពុជា មានកិត្តិយសបានសហការជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «សុខភាពមាតា ទារក និងកុមារ សុខភាពបន្តពូជ និងការថែទាំសុខភាពបឋម» ដល់និស្សិតចំនួន ២៥០នាក់ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា …!!
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។ ក្នុងឱកាសនោះផងដែរ លោកជំទាវ បានគូសបញ្ជាក់ពីគោលបំណងចម្បងចំនួន ៣ ក្នុងពិធីអប់រំផ្សព្វផ្សាយនេះគឺ ទី១. ដើម្បីឈានឆ្ពោះទិវាខួបកំណើតកាកបាទក្រហមកម្ពុជា ១៨កុម្ភៈ និងទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ, ទី២. គឺជាផ្នែកមួយនៃការផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិប្រចាំខែ ដែលមានកិច្ចសហការជាមួយទូរទស្សន៍ជាតិកម្ពុជា, និងទី៣. គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់យុវជន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល និងការអភិវឌ្ឍមូលធនមនុស្ស គឺមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាព។
ជាមួយគ្នានេះ លោកជំទាវ បានផ្តល់កិត្តិយស ពិនិត្យក្លឹបកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា និងបានផ្តល់អនុសាសន៍ល្អៗ ចង្អល់បង្ហាញបន្ថែម នូវសកម្មភាពរបស់ក្លឹបយុវជន ដើម្បីផ្តល់ឱកាសដល់យុវជន ក្នុងការចុះធ្វើសកម្មភាពក្នុងសង្គម និងតាមសហគមន៍នានា ជាពិសេសក្នុងតួនាទីជាគំរូ ជាមិត្ត-អប់រំ-មិត្ត និង មិត្ត-ជួយ-មិត្ត នៅក្នុងសាកលវិទ្យាល័យ អោយកាន់តែផុសផុលថែមមួយកម្រិតទៀត ។




