នៅថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥

ក្លឹបយុវជនកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក និងនិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជាមានកិច្ចសហការជាមួយកាកបាទក្រហមកម្ពុជាសាខាខេត្ត ព្រះសីហនុ និងក្លឹបយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ និងយុវជនស.ស.យ.ក នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ រៀបចំកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ “មិត្តអប់រំមិត្ត-មិត្តជួយមិត្ត”។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ។ ក្នុងនោះក៏មានការចូលរួមពីឯកឧត្ដម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជារួមទាំង លោក កាយ រិទ្ធី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យមេគង្គកម្ពុជា និងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា ព្រមទាំងលោក គាំ សុខុម នាយកសាខា និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ព្រមទាំង លោកស្រីនាយិកា ស៊ុន ចិន្ដា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ និងមន្ត្រីកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ លោកគ្រូអ្នកគ្រូ ទីប្រឹក្សា យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ យុវជនស.ស.យ.ក សិស្សនិស្សិត ចូលរួមចំនួន២៥០នាក់ ។

នាឱកាសនោះ លោក សែជូ សិទ្ធិជោតិ សមាជិកគណៈកម្មាធិការសាខា តំណាងឱ្យឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខដោយក្ដីស្រលាញ់ និងនឹករលឹកបំផុតពីសំណាក់ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត ដែលបានធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី “មិត្តអប់រំមិត្ត មិត្តជួយមិត្ត”

ជាមួយគ្នានោះ លោក សែជូ សិទ្ធិជោតិ សមាជិកគណៈកម្មាធិការសាខា បានជំរាបជូនពីការចូលរួមសកម្មភាពមនុស្សធម៌ និងការងារសង្គមរបស់យុវជនកាកបាទក្រហមកម្ពុជាខេត្ត។

កម្មវិធី”មិត្តអប់រំមិត្ត-មិត្តជួយមិត្ត”បានលើកយកប្រធានបទសំខាន់ៗចំនួន៤មកធ្វើការចែករំលែក៖

១. លោក នេ ចិត្រា ការចែករំលែកបទពិសោធន៍អំពីសកម្មភាពការងារយុវជនកាកបាទក្រហម    ក្នុងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ

២. លោក ដែន វីរៈយុទ្ធ ប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា ការចែករំលែកចំណេះដឹងបទពិសោធន៍លើកិច្ចការងារយុវជននិងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ។

៣. កញ្ញា ថាន លីលី យុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា ការចែករំលែកចំណេះបទពិសោធន៍ ស្តីពីការជ្រើសរើសជំនាញសិក្សា។    

៤. លោក ផន រ៉ាភុង និងកញ្ញា ឌី ឆៃណា យុវជន និស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា ដែលជាអតីតសិស្សនិទ្ទេសន៍ A   ចែករំលែកបទពិសោធន៍ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដើម្បីឱ្យទទួលបាននិទ្ទេសន៍ល្អ ។