នៅថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ក្លឹបយុវជនប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា បានសហការជាមួយកាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានរៀបចំពិធីថែទាំនិងដាំដើមឈើចំនួន៥០០ដើម ក្រោមប្រធានបទ “យើងរួមគ្នាដាំដើមឈើ ដើម្បីបរិស្ថាន វប្បធម៌ និងទេសចរណ៍ធម្មជាតិ” ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឧកញ៉ា អគ្គមហាឧបាសិកា ធម្មបណ្ឌិតពុទ្ធសាសនូបត្ថម្ភក៍ ញឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា និងឯកឧត្តម ប៊ុន្នី វឌ្ឍនៈ បញ្ញា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា ព្រមទាំងមានការចូលរួមពី មន្ត្រីកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ មន្ត្រីនៃមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ សាស្ត្រាចារ្យ បុគ្គលិក យុវជនកាកបាទក្រហមកម្ពុជា យុវជនសសយក និងនិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជាប្រមាណជាង២៥០នាក់។ ពិធីដើមឈើនេះ បានរៀបចំឡើងនៅក្នុងភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ)។
បញ្ជាក់៖ កូនឈើ៥០០ដើម បានទទួលការឧបត្ថម្ភពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងនាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជន រដ្ឋបាលព្រៃឈើ៕




















